
វាជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកស្នេហាបាល់ទាត់ទូទាំងពិភពលោករវាងបារាំង និងអាហ្សង់ទីន។ តារាឆ្នើមវ័យក្មេងរបស់បារាំង Kylian Mbappe ជាអ្នកបង្កើតឱកាសស៊ុតពិន័យ១១ម៉ែត្រ បន្ទាប់ពីរូបគេអូសបាល់ពីពាក់កណ្តាលតារាងចូលទៅប្រអប់គ្រោះថ្នាក់ដែលត្រូវបានខ្សែការពារអាហ្សង់ទីនប៉ះទង្គិចដួល។ ភារកិច្ចនេះ ខ្សែប្រយុទ្ធលេខ៧ Griezmann ស៊ុតប៉េណាល់ទីបានសម្រេចនៅនាទី១៣ដើម្បីនាំមុខ ១-០។ គ្រាប់បាល់នេះបានធ្វើក្រុមបារាំង និងអ្នកគាំទ្ររបស់ខ្លួនរំភើបរីករាយមិនស្ទើរទេ។

បន្ទាប់ពីត្រូវគូប្រកួតបើកការនាំមុខ អាហ្សង់ទីនបានព្យាយាមវាយសម្រុក និងបង្កើតឱកាសចូលតំបន់គ្រោះថ្នាក់របស់បារាំង ប៉ុន្តែរបាំងការពារបារាំងរឹងមាំ។ ពេលលេងនៅតំបន់គ្នាគ្មានប្រសិទ្ធភាពបានជំរុញឲ្យ Angel Di Maria ស៊ុតពីចម្ងាយយ៉ាងល្អចូលទីបានសម្រេចដើម្បីតាមស្មើ ១-១ នៅវគ្គទី១។
ចំពោះការប្រកួតនៅវគ្គទី២ អាហ្សង់ទីនជាអ្នកធ្វើឲ្យអ្នកគាំទ្ររបស់ស្រែកកញ្ជ្រៀវសប្បាយរីករាយ បន្ទាប់ពីទទួលបាល់ពិន័យហ្វ្រីឃីក និងសម្រុកជាបន្តបន្ទាប់ផ្តល់ឲ្យកីឡាករ Mercado រកគ្រាប់បាល់បានតាមរយៈការស៊ុតរបស់ Lionel Messi នៅនាទីទី៤៨ ដើម្បីនាំមុខ ២-១ វិញម្តង។

ក្រោយពេលអាហ្សង់ទីននាំមុខ បារាំងបានប្រមូលស្មារតីលេងបានយ៉ាងល្អ ជាពិសេសនៅតំបន់បម្រើប្រយុទ្ធពិតជាធ្វើបានល្អណាស់។ នៅនាទី៥៧ Bavard បានរកគ្រាប់បាល់ជួយបារាំងតាមស្មើ ២-២។ ចាប់ពីនាទី៦០ឡើងទៅបារាំងកាន់តែលេងបានយ៉ាងល្អឥតខ្ចោះក្នុងនោះ Kylian Mbappe ស៊ុតបំប៉ោងសំណាញ់ទីនាំមុខ ៣-២ នៅនាទីទី៦៤ និងនាទីទី៦៨យុវជនឆ្នើមរូបនេះស៊ុតបាន១គ្រាប់ទៀតដើម្បីនាំមុខ ៤-២។ ការព្យាយាមវាយសម្រុកចុងម៉ោងបានធ្វើឲ្យ អាហ្សង់ទីនរកគ្រាប់បាល់បាន១គ្រាប់ទៀតដោយខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី ៩០+។
គ្រាប់បាល់ ៤-៣ នេះរក្សារហូតចប់ការប្រកួតដែលជម្រើសជាតិបារាំងត្រូវបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈអាហ្សង់ទីនត្រូវត្រឡប់ទៅផ្ទះវិញត្រឹមវគ្គនេះហើយ។
ចំនែកក្រុមជើងឯកអឺរ៉ុប ព័រទុយហ្គាល់ ធ្លាប់បានបំបាក់អ៊ុយរ៉ាហ្គាយ ៣-០ កាលពីមិត្តភាពអន្តរជាតិ ឆ្នាំ១៩៦៦ និង លេងស្មើ ១-១ ក្នុងព្រឹត្តិការណ៍ Independence កាលពីឆ្នាំ១៩៧១ មុនប៉ះគ្នាជាលើកទី៣ នាម៉ោង ១យប់រំលងអាធ្រាត្រនេះ វគ្គ១៦ក្រុមនៃយុទ្ធនាការបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។

អតីតម្ចាស់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ ជាក្រុមលេខ២ ចេញពីពូល B ដោយលេង៣ប្រកួតសន្សំពិន្ទុមិនចាញ់ឡើយ ស្មើ ៣-៣ ពេលជួបអេស្ប៉ាញ មុនទៅឈ្នះម៉ារ៉ុក ១-០ និងស្មើ ១-១ ពេលជួបអ៊ីរ៉ង់ នៅវគ្គបញ្ចប់ជុំទី៣ ប្រចាំពូល B រកបាន ៥ពិន្ទុ ស្មើក្រុមកំពូលតារាងអេស្ប៉ាញ។


អតីតម្ចាស់ជើងឯក ២សម័យ អ៊ុយរ៉ាហ្គាយ និងធ្លាប់ឈ្នះជើងឯក World Cup មុនគេផងនោះ ជាក្រុមជាប់លេខ១ ក្នុងចំណោម ៤ក្រុមមកពីតំបន់អាមេរិកឡាទីន ដែលបានឡើងទៅវគ្គ ១៦ក្រុម ជាមួយអាហ្សង់ទីន ប្រេស៊ីល និងកូឡុំប៊ី ដោយមានប៉េរូ ធ្លាក់ក្នុងពូល C ដែលមានបារាំង និងដាណឺម៉ាក ជាក្រុមខ្លាំងឈ្នះកៅអីវគ្គ១៦ក្រុមចុងក្រោយនៃ World Cup 2018៕

