Sunday, July 1, 2018

អេស្ប៉ាញ ស្តីបន្ទោសអតីតគ្រូបង្វឹកលោក Lopetegui សម្រាប់ការធ្លាក់ចេញពី World Cup

អេស្ប៉ាញ បានដាក់ការស្តីបន្ទោសទៅកាន់លោក Julen Lopetegui អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិដែលត្រូវបានបណ្តេញចេញនៅមុនពេលយុទ្ធនាការ World Cup ក្រោយពីពួកគេបានធ្លាក់ចេញពីយុទ្ធនាការនេះ ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យ។



ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១០មួយនេះ បានធ្លាក់ចេញក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយពីការប្រកួតមួយ ដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែ មិនអាចបង្វែរការគ្រប់គ្រងនោះទៅជាការរកឲ្យបានគ្រាប់បាល់។ កាសែតកីឡាប្រចាំថ្ងៃ Marca របស់អេស្ប៉ាញ បានចេញផ្សាយថា៖ «ការធ្លាក់ចេញក្នុងវគ្គ ១៦ក្រុមចុងក្រោយ គឺជាទំព័រខ្មៅមួយផ្សេងទៀតក្នុងប្រវត្តិសាស្ត្ររបស់យើង»។ កាសែតដដែលបានបន្តថា៖ «ការប្រកួតនេះ ពិតជាផ្តល់នូវការភ្ញាក់ផ្អើល។ អេស្ប៉ាញ បានលេងយ៉ាងអន់ និងមិនគិតថា ខ្លួននឹងចាកចេញដោយការស៊ុតបាល់ប៉េណាល់ទីឡើយ។ នេះគឺជាក្រុមដែលមានការបែកបាក់ដែលខ្វះនូវការស្រេកឃ្លានដើម្បីស៊ូទ្រាំនឹងការប្រជែងមួយដែលទាមទារឲ្យមានសំណាងច្រើន ប៉ុន្តែ ក៏មានការលើកទឹកចិត្តផងដែរ»។



 កាសែត Marca បានដាក់ការស្តីបន្ទោសទៅលើលោក Lopetegui ដែលការសម្រេចចិត្តរបស់លោកក្នុងទទួលយកការងារក្នុងក្លិប Real Madrid នៅមុនពេលការប្រកួតរ World Cup បាននាំឲ្យលោករងការបណ្តេញចេញនោះ សម្រាប់ការធ្វើឲ្យក្រុមអេស្ប៉ាញ គ្មានស្ថេរភាព។ ជ័យជម្នះនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិរុស្ស៊ី ធ្វើដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ដែលបានទម្លាក់ក្រុមជម្រើសជាតិដាណឺម៉ាក ដោយការស៊ុតបាល់ប៉េណាល់ទី ៣-២ ក្រោយពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល ១២០នាទី ក្នុងការប្រកួតគូទី២ នាយប់ដដែលនោះ៕