Monday, July 2, 2018

ក្រុមនារីកម្ពុជា ត្រូវបន្តជួបម៉ាឡេស៊ី នៅថ្ងៃនេះ ក្រោយលត់ក្រុមទីម័រ ១២-០ ថ្ងៃបើកឆាក

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រើប្រាស់បច្ចេកទេស រួមជាមួយកម្លាំងចិត្ត ដែលទទួលបានពីការប្រកួតបើកឆាក កាលពីថ្ងៃសៅរ៍ ដើម្បីយកមកតទល់ជាមួយជម្រើសជាតិនារីម៉ាឡេស៊ី ក្នុងការប្រកួតជម្រុះតាមពូលលើកទី២ នៃពានរង្វាន់ AFF WOMEN’S Championship 2018 នាយប់ម៉ោងថ្ងៃចន្ទនេះ។

 ការលត់ក្រុមជម្រើសជាតិទីម័រខាងកើត រហូតដល់ ១២-០ ក្នុងការប្រកួតបើកឆាកប្រចាំពូលA នៅកីឡដ្ឋាន Bumi Sriwijaya កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ វាជាលទ្ធផលប្រវត្តិសាស្រ្តលើកទី១ ដែលក្រុមបាល់ទាត់នារីរបស់កម្ពុជា ធ្វើបានក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ហើយលទ្ធផលនោះ វាកំពុងតែបានក្លាយជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា ដល់ក្រុមនារីតំណាងឲ្យកម្ពុជាមួយនេះ ក្នុងការតតាំងជាមួយក្រុមនារីម៉ាឡេស៊ី។

 ខ្សែប្រយុទ្ធមកពីភ្នំពេញក្រោន ហួត គឹមហុង ដែលរកបាន៦គ្រាប់ និង បាន ជាវៃ រកបាន៣គ្រាប់ រួមទាំងកីឡាការិនី ពឿន គន្ធា, នន មិនា និង ចាយ ស្រីលាប ដែលរកបានម្នាក់១គ្រាប់ ពេលក្រុមកម្ពុជា ឈ្នះក្រុមទីម័រ ១២-០ នោះ នៅតែជាបេក្ខភាពដ៏សំខាន់ ក្នុងការស្វែងរកគ្រាប់បាល់ឲ្យកម្ពុជា ខណៈខ្សែបម្រើខ្មែរ-អូស្រ្តាលី Sandra Hill ជាអ្នករួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបង្កើតឱកាសនៅតំបន់ប្រយុទ្ធ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា ក្រុមនារីម៉ាឡេស៊ី មានសមត្ថភាពលេងកម្រិតណាឲ្យប្រាកដនោះទេ ប៉ុន្តែម៉ាឡេស៊ី បានក្លាយជាក្រុមទី២ បន្ទាប់ពីក្រុមទីម័រ ដែលបានរហូតគ្រាប់បាល់ច្រើន ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃសៅរ៍ ព្រោះពួកគេបានចាញ់ក្រុមនារីអូស្រ្តាលី ៧-០ និងកំពុងឈរនៅលេខ៤ ក្នុងពូលA ខណៈកម្ពុជា ឈរនៅលេខ១ជាបណ្តោះអាសន្ន លើក្រុមអូស្រ្តាលី និងថៃ។
ចំណែកក្រុមនារីថៃ នឹងត្រូវប្រកួតបើកឆាករបស់ខ្លួន នៅរសៀលម៉ោង៤ ថ្ងៃចន្ទនេះដែរ ដោយពួកគេ ត្រូវជួបក្រុមនារីទីម័រខាងកើត។ ក្រុមនារីថៃ ដែលមានសមត្ថភាពលេងបានល្អនោះ អាចនឹងមានភាគរយច្រើន ក្នុងការយកឈ្នះក្រុមទីម័រ ដើម្បីប្រជែងយកតំបន់កំពូលតារាងប្រចាំពូលAនេះជាមួយក្រុមកម្ពុជា និងអូស្រ្តាលី។
ដោយឡែកក្រុមនារីរបស់មីយ៉ាន់ម៉ា បានលត់ក្រុមហ្វីលីពីន ៤-០ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីឡើងទៅឈរនៅលេខ១ប្រចាំពូលB ជាបណ្តោះអាសន្ន ប៉ុន្តែក្រុមនារីម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមនារីសិង្ហបុរី ខណៈក្រុមទាំង២នេះ បានស្មើគ្នា ០-០ ក្នុងការប្រកួតកាលពីយប់ម្សិលមិញ។ រីឯក្រុមនារីវៀតណាម នឹងត្រូវប្រកួតលើកដំបូងរបស់ខ្លួន នៅថ្ងៃអង្គារ ដោយពួកគេត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី៕