
ក្នុងនាមជាខ្សែប្រយុទ្ធ ដែលទើបវិលត្រឡប់មកពីលេងនៅលីកកំពូលម៉ាឡេស៊ី ដូចគ្នា កែវ សុខផេង រកបានគ្រាប់បាល់បានមុនគេ ខណៈ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម សុទ្ធតែមិនទាន់រកបានគ្រាប់បាល់ ក្នុងការបង្ហាញខ្លួនជាថ្មី ក្នុងការប្រកួតលីកកំពូលកម្ពុជាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ។
កែវ សុខផេង រកបានគ្រាប់បាល់ទី១ ឲ្យក្រុមវិសាខា នៅពេលក្រុមមួយនេះបានយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៤-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ សុខផេង រកបានគ្រាប់បាល់នៅនាទីទី៣៧ បន្ទាប់ពីកីឡាករ រី ភារុន និង មូលដារ៉ាវ័ន្ត របស់ក្រុមអគ្គិសនីកម្ពុជា សុទ្ធតែធ្វើឲ្យបាល់ចូលទីខ្លួនឯង រីឯ ១គ្រាប់ទៀតរបស់ក្រុមវិសាខា រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងជើង Myong Ho Cheo នៅនាទីទី៧៩។


ដោយឡែកខ្សែប្រយុទ្ធ ដែលមានប្រជាប្រិយខ្លាំងជាងគេ ចាន់ វឌ្ឍនាកា បានចូលលេងឲ្យក្រុមបឹងកេត ក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ។ វឌ្ឍនាកា ត្រូវបានដាក់ឲ្យចូលលេងនៅម្តុំនាទីទី៦០ ហើយការលេងរបស់គេ ហាក់មិនសូវស៊ីចង្វាក់ជាមួយសមាជិកក្រុមប៉ុន្មានឡើយ ឯគុណភាពកម្លាំងរបស់គេ ក៏មិនទាន់គ្រាប់គ្រាន់ផងដែរ។


យ៉ាងណាក៏ដោយ ចាន់ វឌ្ឍនាកា នៅតែអាចបញ្ចេញនូវស្នាមញញឹម ជាមួយមិត្តរួមក្រុម ក្នុងនាមជាអ្នកឈ្នះ ព្រោះការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះ ក្រុមបឹងកេត បានលត់ក្រុមអាស៊ីអឺរ៉ុប ៤-០ ដើម្បីបន្តឈរនៅលេខរៀងទី១ ដោយក្នុងនោះខ្សែប្រយុទ្ធ Oiboh Julius និង Maycon រកបានម្នាក់២គ្រាប់ដូចគ្នា។

ផ្ទុយពីនេះខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានត្រឹមសម្តែងការខកចិត្ត ចំពោះការវិលទៅលេងឲ្យក្រុមព្រះខ័នរាជស្វាយ ព្រោះវត្តមានរបស់គេ ស្របពេលក្រុមស្វាយរៀង បានចាញ់ក្រុមណាហ្គាវើល ៤-០ នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃសៅរ៍ ហើយលទ្ធផលនេះ បានធ្វើឲ្យស្វាយរៀង កាន់តែឃ្លាតឆ្ងាយពីតំបន់កំពូលតារាងទាំង៤ ដោយមានត្រឹម១៤ពិន្ទុ រីឯណាហ្គាវើល បន្តឈរនៅលេខ២ មាន២៨ពិន្ទុ តិចជាបឹងកេត ២ពិន្ទុ៕

